Wednesday, December 6, 2017

តម្រា​មើល​លាភ​ប្រចាំ​ឆ្នាំ


ឲ្យ​តាំង​អាយុ​ហោរា ( អាយុ​របស់​អ្នក​ដែល​ចង់​ទាយ ) យក ១២ គុណ ហើយ​យក ៧ ហារ សេសសល់ ទាយ​តាម​សម្លោក​ដូច​ខាង​ក្រោម ៖
  • សេស ១ ៖ នឹង​កើត​រឿងរាវ​ព្រោះ​សត្វ ឬ ចោរ​លួច​ទ្រព្យ មាន​ជម្ងឺ​បៀតបៀន កូន​ប្រពន្ធ​បែក​ចិត្ត​ពី​ខ្លួន ។ ( គ្មាន​លាភ​ផល​សោះ )
  • សេស ២ ៖ នឹង​បាន​កូន​ប្រពន្ធ​ជា​ទី ស្រឡាញ់ មាន​មិត្ត​ពី​ទិស​បូព៌​ នាំ​លាភ ឬ ទ្រព្យ មាសប្រាក់​មក​ឲ្យ ។
  • សេស ៣ ៖ ក្រែប​ភ្លើង​ឆេះ ឬ មាន​ទំនាស់​ពី​មនុស្ស​សប្បុរ​ខ្មៅ​នៅ​ទិស​អគ្នេហ៍​នាំ​រឿង ។
  • សេស ៤ ៖ នឹង​បាន​ស្រែ​ចំការ ទី​លំនៅ ដោយ​មាន​មនុស្ស​ពី​ទិស​ទក្សិណ នាំ​យក​មក​ឲ្យ ។
  • សេស ៥ ៖ នឹង​បាន​លាភ​សក្ការៈ​​ពី​អ្នក​ធំ ឬ សមណៈ ហើយ​បាន​យសសក្តិ​ជា​ទី​គាប់​ចិត្ត ។
  • សេស ៦ ៖ នឹង​បាន​ស្រែ​ចំការ​ស្ដុកស្ដម្ភ ឧត្តម​ល្អ​ណាស់ ព្រម​ទាំង​គ្រឿង​ប្រើប្រាស់​ផ្សេង ៗ ដោយ​មិត្ត​នាំ​យក​មក​ឲ្យ ។
  • សេស ០ ៖ នឹង​ប្រាស​ចាក​ពី​ទី​លំនៅ នឹង​កើត​រឿង​រ៉ាវ​ខូចខាត សត្វ​ជើង​ពីរ ឬ ជើង​បួន ឬ ប្ដី​ប្រពន្ធ​កូន ត្រូវ​ព្រាត់ប្រាស់ ។
ឧទាហរណ៍ៈ ខ្ញុំ​មាន​អាយុ ២៤ ឆ្នាំ យក ២៤ x ១២ = ២៨៨ បន្ទាប់​មក យក ២៨៨ ៖ ៧ = ៤១ សេសសល់ ១ ដូច្នេះ ខ្ញុំ​ត្រូវ​ត្រង់​សេស ១ ដែល​ត្រូវ​ចោរ​លួច​ម៉ូតូ នៅ​ក្នុង​ឆ្នាំ ដែល​ខ្ញុំ​មាន​អាយុ ២៤ ឆ្នាំ​នេះ… ។

តម្រា​ទាយ​បុត្រ​ក្នុងគភ៌​តាម​ឈ្មោះ​ឪពុក​ម្ដាយ


បៀប​ទាយ​មាន​ដូច​តទៅ៖
ដំបូង​ឱ្យ​សរសេរ​ឈ្មោះ​ឪពុក និង​ម្ដាយ (ឈ្មោះ​អ្នក​ស្រុក​ហៅ​ទូទៅ) ឱ្យ​ត្រឹមត្រូវ​តាម​តួអក្សរ​ខេមរា ហើយ​ឱ្យ​រាប់​គ្រប់​តួអក្សរ​ទាំង​ព្យញ្ជនៈ ទាំង​ស្រៈ​និស្ស័យ ឃើញ​ប៉ុន្មាន ឱ្យ​ចែក​ជា​២ ហើយ​មើល​សំណល់ បើ​សេស ឬ​សំណល់​១ ថា​កូន​នោះ​ជា​ភេទ​ប្រុស គត់​ឬ​សំណល់​០ ថា​កូន​នោះ​ជា​ភេទ​ស្រី ។
បៀប​រាប់៖
  • ស្រៈ ា ិ ុ ូ ួ េ ះ ៈ ំ រាប់​១​ក្នុង​មួយ​តួ​ៗ ។
  • ស្រៈ ី ឹ ឺ ែ ៃ ោ ៅ ុំ ាំ ុះ េះ ៀ រាប់​២​ក្នុង​មួយ​តួ​ៗ ។
  • ស្រៈ ោះ ឿ ើ រាប់​៣​ក្នុង​មួយ​តួ​ៗ ។
  • អក្សរ ឡ ផ និង អ រាប់​២ ឯ​ព្យញ្ជនៈ​ផ្សេង​ពី​នេះ ឱ្យ​រាប់​១​ក្នុង​មួយ​តួ​ៗ ។
  • វណ្ណយុត្ត បន្តក់ (់) ត្រីសព្ទ (៊) ទណ្ឌឃាត (៏) របាទ (៌) ។ល។ រាប់​១​ក្នុង​មួយ​តួ​ៗ ។
  • វណ្ណយុត្ត មូសិកទន្ត (៉) រាប់​២​ក្នុង​មួយ​តួ​ៗ ។
ឧទាហរណ៍៖
  1. វេស្សន្ដរ រាប់​បាន​៧ + មេទ្រី រាប់​បាន​៦ = ១៣ ។ ១៣៖២=៦ សំណល់​សល់​១ លទ្ធផល​កូន​ប្រុស គឺ​ជាលី​នេះ​ឯង ។
  2. សិទ្ធត្ថ រាប់​បាន​៦ + ពិម្ពា រាប់​បាន​៥ = ១១ ។ ១១៖២=៥ សំណល់​សល់​១ លទ្ធ​ផល​កូន​ប្រុស គឺ​រាហ៊ុល ។
  3. ឪពុក​ខ្ញុំ បូរ រាប់​បាន៣ + ម្ដាយ ហ៊ន រាប់​បាន​៣ = ៦ ។ ៦៖២=៣ សំណល់​សល់​០ កូន​ស្រី គឺ​បង​ស្រី​ខ្ញុំ​ហ្នឹង​ឯង ។
ការ​ប្ដូរ​ឈ្មោះ​ឪពុក​ ឬ​ម្ដាយ ក៏​អាច​នាំ​ឱ្យ​ភេទ​កូន​ខាង​ក្រោយ​ផ្លាស់​ប្ដូរ​បាន​ដែរ ប៉ុន្តែ​លុះ​ត្រា​តែ​ឈ្មោះ​ថ្មី ត្រូវ​អ្នក​ស្រុក​អ្នក​ភូមិ ហៅ​បាន​រត់​មាត់​ ៕

របៀប​ទស្សន៍ទាយ​កូន​ប្រុស ឬ​កូន​ស្រី​ក្នុង​គភ៌​តាម​នាម​ឈ្មោះ​ឪពុក​ម្ដាយ​នេះ ទាយ​បាន​តែ​កូន​ដំបូង​ទេ ចំណែក​កូន​ទី​២ ឬ​ទី​៣ ទាយ​មិន​ត្រូវ​ឡើយ ។

តើអ្វីទៅជា អបាយភូមិ?

ពាក្យ​អបាយភូមិ (អបាយភូម) ដែល​សំដៅ​ទៅ​ជាន់ ឬ​ឋាន​ដែល​ប្រាស​ចាក​សេចក្តី​ចម្រើន, ទី​រង​ទុក្ខ (មាន​ឋានន​រក​ជា​ដើម); ​សេចក្តី​សាប​សូន្យ, សេចក្តី​វិនាស; ​ដំណើរ​លិច​លង់​ក្នុង​សេចក្តី​វិនាស ។ អបាយភូមិ​មាន​៤​គឺ នរកតិរច្ឆានប្រេតអសុរកាយ ។ សភាវៈ​ដែល​រស់​នៅ​ក្នុង​អបាយ​នេះ​មាន​លក្ខណៈ​អន់ថយ​បំផុត ហៅ​ថា​មនុស្ស​ក៏​បាន ។
  1. នរក មាន​ច្រើន​ជាន់ តែ​និយាយ​រួម​ឲ្យ​ខ្លី មាន​ពីរ​ប្រភេទ​គឺ នរក​ក្ដៅ និង​នរក​ត្រជាក់ ។ អ្នក​ដែល​រស់​នៅ​ក្នុង​នរក​ទាំង​ពីរ​នេះ សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​យ៉ាង​វេទនា​ខ្លោចផ្សា​បំផុតពី​ពួក​យមបាល ទៅ​តាម​អំពើ​បាប​របស់​ខ្លួន ។ អ្នក​នៅ​ក្នុង​នរក​ក្ដៅ រង​ទុក្ខ​វេទនា​ខ្លាំង​ជាង​គេ ប៉ុន្តែ​អ្នក​ទាំង​អស់​នេះ​អាច​រំដោះ​ខ្លួន​បាន ក្រោយ​ពេល​បាន​សោយ​ទុក្ខ​គ្រប់​កណត់​ឆ្នាំ ហើយ​លែង​ប្រព្រឹត្ត​អាក្រក់​ត​ទៅ​ទៀត (ដូច​អ្នក​ជាប់​គុគ​ក្នុង​លោកិយ​នេះ​ដែរ) ។
  2. ប្រេត គឹ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ពី​ជាតិ​មុន​ដែរ ហើយ​ត្រូវ​មក​កើត​ជា​ប្រេត​នេះ ដែល​មាន​ទី​កន្លែង​ឋិន​នៅ​ចន្លោះ​ភព ឬ​នៅ​លើ​ផែន​ដី មាន​ការ​ស្រេក​ឃ្លាន​មិន​ចេះ​ចប់​ មាន​មាត់​ប៉ុន​កូដ​ម្ជុល ហើយ​ចូល​ចិត្ត​បរិភោគ​តែ​អាហារ​កខ្វក់​ស្អុយ រស់​នៅ​៥០០​ឆ្នាំ​ទើប​ស្លាប់​ទៅវិញ (១ថ្ងៃ​ប្រេត​ស្មើ​១ខែ​មនុស្ស) ។
  3. អសុរកាយ ប្រហែល​គ្នា​នឹង​ប្រេត​ដែរ តែង​អាស្រ័យ​នៅ​ជា​មួយ​មនុស្ស​លោក ច្រើន​ដើរ​រក​ស៊ី​នៅ​វេលា​យប់ ចូល​ចិត្ត​បរិភោគ​តែ​គ្រឿង​ស្អុយ គួរ​ខ្ពើម​ដែរ ដូច​ខ្ទុះ​គំរង់​ជា​ដើម ជួន​កាល​លេង​បន្លាច​មនុស្ស​ក៏​មាន ។ ច្រើន​មាន​រូប​ធំ​ខ្ពស់ ស្មើ​ដំបូល​ផ្ទះ ឬ​ដើម​ត្នោត ។ ពួក​ខ្មោច​បិសាច​ក៏​រាប់​ចូល​ក្នុង​ក្រុម​អសុរកាយ​នេះ​ដែរ ។
  4. សត្វ​តិរច្ឆាន គឺ​ពួក​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ជា​មួយ​មនុស្ស​នេះ​ និង​សត្វ​ចម្លែក​២​ពួក​ទៀត​​គឺ នាគ និង គ្រុឌ ។ នាគ​អាច​ប្រែ​ប្រភេទ​មក​មនុស្ស​បាន មាន​លំនៅ​ឋាន​នៅ​ក្រោម​សមុទ្រ ។ គ្រុឌ​មាន​ស្លាប​ហោះហើរ​បាន​ជា​សត្រូវ​របស់​នាគ​សភាវៈ ដែល​ប្រសើរ​ជា​សត្វ​គឺ​មនុស្ស ។

ឯកសារ​យោងៈ វចនានុក្រម​ខ្មែរភាគ១ ភាគ២ បោះពុម្ព​គ្រាទី៥ និង​សៀវភៅ​វប្បធម៌​មួយ​ក្បាល​ដែលឥត​អត្តសញ្ញាណ​គ្រប់​គ្រាន់ ព្រោះ​ដាច់​ក្រប និង​បាត់​ឈ្មោះ​អ្នក​ចងក្រង ។

តើហេតុអ្វីពុទ្ធសាសនិក​គួរ​ឈប់​អុជ​ធូប?



ជាទូទៅ នៅ​តាម​ផ្ទះ​របស់​ពុទ្ធសាសនិក, នៅ​តាម​ទី​វត្តអារាម ឬ​កន្លែង​សក្ការ​​ផ្សេងៗ គេ​តែងតែ​​ធ្វើ​ការអុជ​​ធូប​សំបូងសង្រូង​សុំ​សេចក្ដី​សុខ, សុំ​ឲ្យ​រកស៊ី​មាន​បាន ឬ​សុំ​ឲ្យ​សម្រេច​កិច្ចការ​ដែល​គេ​ប៉ង​ប្រាថ្នា​អំពី​​​ព្រះ ឬ​ទេព្ដា ឬ​អ្នក​តា ជាដើម ។ បើ​តាម​ពិត​ ការ​អុជ​ធូប​សំបូងសង្រូង​នេះ មិន​មែន​ជា​ការបដិបត្តិ​ត្រឹមត្រូវ​ជា​ពុទ្ធសាសនិក​នោះ​ទេ ។ ព្រះពុទ្ធ​មិន​បាន​បង្គាប់​ឲ្យ​ពុទ្ធសាសនិក​អុជ​ធូប និង​សំបូងសង្រូង​សុំ​ពរ​ពី​ព្រះ ឬ​ទេព្ដា​ណា​ក្រៅ​អំពី​ខ្លួនឯង​ជួយ​ខ្លួន​ឯង​ឡើយ ពីព្រោះ​​ព្រះពុទ្ធ​បាន​រក​ឃើញ​ថា មនុស្ស​យើង​​មិន​មែន​ព្រះ​ឯ​ណា​ជា​អ្នក​បង្កើត​ទេ គឺ​ជា​ធម្មជាតិ និង​កម្ម​របស់​ខ្លួន​ដែល​នាំ​ឲ្យ​កើត, គ្មាន​ទេព្ដា ឬ​ព្រះ​ឯណា​កំណត់​វាសនា​ក្រៅ​អំពី​ខ្លួន និង​កម្ម​របស់​ខ្លួន ហើយ​ក៏​គ្មាន​នរណា​មក​ជួយ​យើង​ក្រៅ​អំពី​ខ្លួន​ឯង​ជួយ​ខ្លួន​​ឯង ។ ដូច្នេះ​ការសំបូងសង្រូង​សុំ​ឲ្យ​ព្រះ​ជួយ​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍ ។
ទំនៀម​អុជធូប​សំបូងសង្រូង​នេះ ជា​ការបដិបត្តិ​តាម​​ព្រហ្មញ្ញសាសនា ដែល​ពី​ដំបូង​គេ​ប្រើ​ភ្លើង​ដើម្បី​បូជា​ដល់​​ព្រះ គឺ​បញ្ជូន​គ្រឿង​បូជា​របស់​ពួក​គេ​ទៅ​តាម​ផ្សែង​ភ្លើង ព្រោះ​មាន​តែ​ផ្សែង​ភ្លើង​នេះ​ទេ​ដែល​អាច​​ហោះ​​ហើរ​ទៅ​ដល់​ឋាន​សួគ៌ លុះ​ក្រោយៗ​មក​គេ​​ប្រើ​ត្រឹម​​​ផ្សែង​ធូប​ជា​តំណាង​វិញ​ ។ លុះ​យើង​ត្រឡប់​មក​កាន់​យក​ព្រះពុទ្ធសាសនា​ហើយ ក៏​នៅ​ជាប់​ទំនៀមទម្លាប់​នេះ​រហូត​ដល់​សព្វថ្ងៃ ។
ការអុជធូប​នេះ មិន​មែន​ជា​​ការខុស​ធ្ងន់​ទេ ប៉ុន្តែ​វា​ជា​ការអត់​ប្រយោជន៍​ដែល​យើង​ត្រូវ​ចំណាយ​ថវិកា​ទិញ​ធូប ហើយ​​​អុជ​បង្ហុយ​ផ្សែង​ពេញ​ផ្ទះ ឬ​វត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​ពេល​ខ្លះ​ក៏​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​​ដោយសារ​ភ្លើង​ធូប​ផង​ក៏​មាន ។ យើង​គួរ​គិត​ថា​​មនុស្ស​យើង​មិន​ចូលចិត្ត​ផ្សែង​ធូប​នេះ​ផង ចុះ​មាន​ព្រះ ឬ​ទេព្ដា​ឯណា​មក​ចូលចិត្ត​ផ្សែង​​ធូប​នេះ បើ​ព្រះពុទ្ធ​ក៏​ជា​មនុស្ស​ដូច​គ្នា​នឹង​យើង​ដែរ ។
ដូច្នេះ​យើង​ជា​ពុទ្ធសាសនិក​ដែល​មាន​បញ្ញា គួរ​សិក្សា​ពុទ្ធោវាទ​​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រតិបត្តិ​តាម​ការប្រៀនប្រដៅ​​ឲ្យ​បាន​ទៀងទាត់​ត្រឹមត្រូវ ដោយ​ខំ​បដិបត្តិ​ចិត្ត​ឲ្យ​បរិសុទ្ធ​ជា​ជាង​ការ​លុត​ជង្គង់​បន់ស្រន់​សុំ​ឲ្យ​គេ​ជួយ ។ ​ការបដិបត្តិ​ផ្លូវ​ចិត្ត​ទើប​ជា​ការបដិបត្តិ​តាម​ពុទ្ធោវាទ ។ ចំពោះ​ការបូជា​​​​ព្រះ យើង​អាច​បូជា​ដោយ​​​ផ្កា ឬ​អុជ​ទៀន​បំភ្លឺ​ជា​ដើម ពុំ​ចាំបាច់​ប្រើ​ធូប​ក៏​បាន​ដែរ ។

Friday, December 1, 2017

តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?


នៅ​ពេល​ដែល​មាន​ទុក្ខ​​ធរមាន មនុស្ស​ភាគច្រើន​ចេះតែ​រក​កល​ចង់​សម្លាប់​ខ្លួនឯង ដើម្បី​រួចចាក​ផុត​ទុក្ខ​ទាំង​នោះ ។ តើ​ការសម្លាប់​ខ្លួនឯង​នេះ​នឹង​រួច​ចាក​ផុត​ទុក្ខ​ដែរ​ឬ​​យ៉ាង​ណា? សូម​មើល​ហេតុផល​ដែល​សាមណៈ រេវតៈ ពន្យល់​ដល់​កុលធីតា​ដែល​ប្រាថ្នា​ផ្ដាច់​ជីវិត​របស់​ខ្លួន​នៅ​ល្អាង​ជ្រោះ សូករខីណា ពី​សៀវភៅ រឿង “បុប្ផាវត្តី” របស់​ព្រះ​ធម្ម ឃោសៈ ដើម្បី​បាន​ជា​សតិ​បញ្ញា​ដូច​តទៅ ៖

ក្នុង​គ្រា​ដែល​សាមណៈ រេវតៈ ចេញ​ពី​ព្រះ​វេឡុវនារាម មក​សំណាក់​នៅ​ល្អាង សូករខីណា ខណៈ​ដែល​កំពុង​ស្នាក់​នៅ​លើ​ទីលាន​ថ្ម​ជិត​មាត់​ល្អាង​នៅ​វេលា​រសៀល មាន​ស្ត្រី​ក្រមុំ​ម្នាក់​ដើរ​ឡើង​ភ្នំ​មក​ពី​ឆ្ងាយ​តែ​ម្នាក់​ឯង លុះ​ឡើង​មក​ដល់​ទីលាន​ថ្ម​ក្រោម​ម្លប់​ដើម​គគី នាង​អង្គុយ​សម្រាក​យក​ខ្នង​ផ្អែក​ដើម​ឈើ​ធំ ហើយ​ក៏​លាត​ជើង​ចេញ​ទៅ​មុខ​តាម​សប្បាយ ។ នាង​ជា​ស្រី​ក្រមុំ​ស្អាត​ម្នាក់ លក្ខណៈ​ពណ៌​សម្បុរ និង គ្រឿង​តែង​កាយ ស​ឲ្យ​ឃើញ​ថា នាង​មិនមែន​ជា​មនុស្ស​ជាន់​ទាប​ឡើយ ។ វេលា​នោះ នាង​មិន​បាន​ឃើញ​សាមណៈ រេវតៈ ទេ ចំណែក​សាមណៈ រេវតៈ ក្លែង​ធ្វើ​ជា​មិន​ឃើញ​នាង ដោយ​បែរ​មុខ​មើល​ទៅ​ទី​ដទៃ, មួយ​ស្របក់​កន្លង​ទៅ ទើប​សាមណៈ​ត្រឡប់​មើល​នាង​ម្ដង​ទៀត, គ្រា​នោះ សាមណៈ​ប្លែក​ចិត្ត ព្រោះ​ឃើញ​នាង​កំពុង​យំ​គួរ​ឲ្យ​អាណិត​បំផុត, ស្ដែង​ឲ្យ​ឃើញ​ថា នាង​កំពុង​មាន​សេចក្ដី​ទុក្ខ​ក្រៀមក្រំ ។ តាម​ប្រក្រតី សាមណៈ​ រេវតៈ ជា​មនុស្ស​មាន​ចិត្ត​ពេញ​ទៅ​ដោយ​មេត្តា​ករុណា កាល​ឃើញ​អ្នក​ណា​មាន​ទុក្ខ មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទើប​ចូល​ទៅ​ប្រាស្រ័យ​សាកសួរ​រឿងរ៉ាវ​ផ្សេងៗ កាល​បាន​ដឹង​រឿងរ៉ាវ​របស់​គេ​ច្បាស់​ហើយ ក៏​រក​ផ្លូវ​ជួយ​សង្គ្រោះ​ដោយ​វត្ថុ​ខ្លះ ដោយ​ធម្មៈ​ខ្លះ​តាម​សមគួរ​ដល់​ករណី ។

ខណៈ​នោះ សាមណៈ​ក៏​គ្រហែម​តិចៗ ដើម្បី​ជា​សញ្ញា​ប្រាប់​ឲ្យ​ស្រី​ក្រមុំ​នោះ​ដឹង​ថា​ក្នុង​បរិវេណ​នេះ មិន​មែន​មាន​តែ​នាង​ម្នាក់​ឯង​ទេ, នាង​បែរ​មុខ​ភ្លែត​មក​រក​សាមណៈ ព្រម​ទាំង​យក​ជាយ​សំពត់​ជូត​ទឹកភ្នែក ។ ខណៈ​ដែល​នាង​កំពុង​ស្រឡាំងកាំង​នោះ សាមណៈ​ក៏​ដើរ​ចុះ​ទៅ​ឈរ​រយៈ​ឆ្ងាយ​ពី​នាង​ប្រមាណ ៣​ព្យាម ហើយ​ក៏​សួរ​ថា “ម្នាល​កុលធីតា! នាង​ទៅ​ធ្វើ​ធុរៈ​សំខាន់​អ្វី​នៅ​ឯណា​ឬ ទើប​ខំ​ព្យាយាម​ឡើង​ភ្នំ​មក​ម្នាក់​ឯង​ដូច្នេះ ?” ។
នាង​មិន​តប​សំណួរ​របស់​សាមណៈ តែ​ត្រឡប់​ជា​យំ​សស្រិកសស្រាក់​ឮ​ខ្លាំង​ឡើង ។ សាមណៈ​ក៏​និយាយ​ថា “កុលធីតា​អើយ ! នាង​ប្រហែល​កំពុង​ធ្លាក់​នៅ​ក្នុង​អន្លង់​ទុក្ខ​អ្វី​ម្យ៉ាង​ប្រាកដ ដែល​ជា​ហេតុ​ឲ្យ​នាង​អាច​កាត់​ចិត្ត​ប្រុង​នឹង​សម្លាប់​ខ្លួនឯង​ក៏​បាន” ។
“ត្រូវ​ហើយ ! ខ្ញុំ​កំពុង​នឹង​ឡើង​ទៅ​លោត​ជ្រោះ​សម្លាប់​ខ្លួន​ឯង” ស្រី​ក្រមុំ​តប​ដោយ​មើល​មក​សាមណៈ​ដោយ​សេចក្ដី​ប្លែក​ក្នុង​ចិត្ត ដែល​និយាយ​ដៅ​ចិត្ត​នាង​ត្រូវ ។ “ព្រោះ​ខ្ញុំ​មិន​អាច​នៅ​ធន់​នឹង​សេចក្ដី​ទុក្ខ​សោក​ធរមាន​របស់​ជីវិត​នេះ​បាន” ។
“ទុក្ខ​របស់​នាង​ប្រហែល​ជា​ធំ​ណាស់ ! មើល​និយាយ​ឲ្យ​អាត្មា​ស្ដាប់​ផង រឿងរ៉ាវ​វា​យ៉ាង​ណា ? អាត្មា​មាន​ចិត្ត​អាណិត​នឹង​ឃើញ​ចិត្ត​នាង​សោកសៅ​ដូច្នេះ​ណាស់” ។
ស្រី​ក្រមុំ​បាន​បរិយាយ​រឿងរ៉ាវ​របស់​នាង​ឲ្យ​សាមណៈ​ស្ដាប់​ទាំង​ទឹកភ្នែក​ថា “ទុក្ខ​របស់​​នាង​​ធំ​ណាស់ ! កើត​ពី​សេចក្ដី​អស់​សង្ឃឹម​ក្នុង​រឿង​ស្នេហា​មុន​នេះ មិន​យូរ​ប៉ុន្មាន​មាតាបិតា​របស់​នាង​បាន​បង្គាប់​ឲ្យ​រៀប​វិវាហ៍​មង្គល​ជាមួយ​នឹង​ព្រាហ្ម​ចាស់ អ្នក​មាន​សម្បត្តិ​ម្នាក់ តែ​នាង​មិន​ព្រម ទើប​គេច​រត់​ទៅ​រក​កំលោះ​ម្នាក់​ដែល​ស្រឡាញ់​នាង តែ​កំលោះ​នោះ​បាន​រៀប​វិវាហ៍​មង្គល​ជាមួយ​ស្រី​ដទៃ​ទៅ​ហើយ មុន​ពេល​ដែល​នាង​ទៅ​រក​គេ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ, នាង​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ខូច​ចិត្ត ទើប​ដើរ​ពនេចរ​ប្រៀប​ដូច​មនុស្ស​ប្រាសចាក​សតិ ៣ ថ្ងៃ មក​ហើយ កាល​មិន​អាច​ធន់​ទុក្ខ​ធរមាន​បាន ក៏​កាត់ចិត្ត​មក​លោត​ទម្លាក់​ខ្លួន​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ឲ្យ​វា​ស្លាប់​ទៅ​ល្អ​ជាង​ការរស់នៅ​មាន​សភាព​យ៉ាង​នេះ ។

“រឿងរ៉ាវ​របស់​នាង​ជា​រឿង​គួរ​ឲ្យ​ខ្លោច​ចិត្ត​ណាស់” សាមណៈ​ពោល​នៅ​ពេល​ដែល​បាន​ស្ដាប់​រឿង​របស់​នាង​ចប់​ហើយ “អ្នកណា​ក៏​ដោយ បើ​ធ្លាក់​នៅ​ក្នុង​សភាព​យ៉ាង​ដូច​នាង​នេះ​ហើយ ក៏​គង់​នឹង​កាត់​ចិត្ត​ប្រព្រឹត្ត​ដូច​នាង​ជា​មិន​ខាន, ទុក្ខ​ផ្លូវ​កាយ​ជា​របស់​ល្មម​នឹង​ទ្រាំ​ធន់​បាន, តែ​ទុក្ខ​ផ្លូវ​ចិត្ត​ធន់​បាន​ដោយ​លំបាក​ណាស់ ។ វិធី​កែទុក្ខ​ផ្លូវ​ចិត្ត​នេះ​មាន ២ យ៉ាង​ប៉ុណ្ណោះ គឺ​ស្លាប់​ឲ្យ​ហើយ​តែ​ម្ដង​ទៅ និង​អត់​ធន់​ដរាប​ទាល់តែ​ទុក្ខ​រលត់​អស់​ទៅ ។ មនុស្ស​ជា​ច្រើន​បាន​រើស​យក​វិធី​សម្លាប់​ខ្លួន​ឯង, ឯការ​ដែល​រើស​យក​វិធី​អត់​ធន់ ក៏​មាន​មិន​តិច​ណាស់ ដូច្នេះ​នាង​នឹង​រើស​យក​វិធី​ណា ?” ។
“រើស​យក​វិធី​ស្លាប់” ស្រី​ក្រមុំ​តប​យ៉ាង​ដាច់​ខាត ។
“នាង​ជឿ​ឬ​ទេ​ថា បើ​នាង​ស្លាប់​ហើយ នឹង​ផុត​ទុក្ខ ?” ។
“ខ្ញុំ​ជឿ​ដូច្នេះ” ស្រី​ក្រមុំ​តប​បែប​មិន​សូវ​ជា​ក្លាហាន​ប៉ុន្មាន ។
“នាង​ចូលចិត្ត​ខុស​ហើយ នាង​កំពុង​ទម្លាយ​ខ្លួន​ឯង​ដោយ​សេចក្ដី​ចូលចិត្ត​ខុស ទុក្ខ​របស់​នាង​មិន​បាន​នៅ​នឹង ជើង ដៃ បេះដូង សួត ថ្លើម ប្រម៉ាត់ លលាដ៍ក្បាល ឬ​នៅ​ក្នុង​ចំណែក​ណា​មួយ​របស់​រាងកាយ​ឡើយ, តែ​វា​នៅ​នឹង​ចិត្ត… រាងកាយ​គ្រាន់តែ​ជា​វត្ថុ​គ្រោតគ្រាត មិន​ដឹង​រឿងរ៉ាវ​អ្វី​ទាំងអស់ ។ គឺ​មានតែ​ចិត្ត​នេះ​ឯង​ជា​អ្នក​រែក​ទុក្ខ កាល​រាងកាយ​ស្លាប់​ទៅ​ហើយ ក៏នៅ​មាន​ការក​ភព​ក​ជាតិ​តទៅ, ហើយ​ពេល​កើត​ទៅ​អាច​នាំ​យក សេចក្ដី​សុខ សេចក្ដី​ទុក្ខ សេចក្ដី​សៅហ្មង ឬ​សេចក្ដី​បរិសុទ្ធ​ទៅ​បាន​ផង ដូច្នេះ សេចក្ដី​ស្លាប់​ទើប​មិនមែន​ជា​​ទីបំផុត​របស់​សុខ ឬ​ទុក្ខ​នោះ​ទេ, ការទម្លាយ​រាងកាយ​ដែល​មិន​ដឹង​រឿងរ៉ាវ​អ្វី​សោះ​ឲ្យ​ស្លាប់​ទៅ​ ជា​ការ​ឥត​ប្រយោជន៍ ការសម្លាប់​ខ្លួន​ដើម្បី​ឲ្យ​ផុត​ទុក្ខ​ជា​ការ​កែ​ទុក្ខ​ខុស​គោលដៅ, ប្រៀប​ដូច​បុរស​ម្នាក់​បាន​ត្រូវ​គេ​ជេរ ហើយ​ឈឺ​ចិត្ត​កើត​ទុក្ខ​ក៏​យក​ភ្លើង​ដុត​ផ្ទះ​ដែល​មិន​ដឹង​រឿងរ៉ាវ​ក្លាយ​ទៅ​ជា​គំនរ​ផេះ​ធ្យូង​អស់​ទៅ​យ៉ាង​នេះ គេ​ផុត​ទុក្ខ​ឬ ? មិន​អ៊‍ីចឹង​ទេ បុរស​នោះ​នឹង​កើត​ទុក្ខ​រឹតតែ​ធ្ងន់​ណាស់​ទៅ​ទៀត, ទុក្ខ​ព្រោះ​មិន​មាន​ផ្ទះ​នៅ, ទុក្ខ​វា​មិន​បាន​នៅ​នឹង​ផ្ទះ តែ​វា​នៅ​នឹង​ចិត្ត​របស់​បុរស​នោះ​ឯង, ដូច្នេះ កាល​បើ​ចិត្ត​កើត​ទុក្ខ តោង​កែ​ចិត្ត​​កុំ​ទៅ​ទម្លាយ​រាងកាយ​ដែល​មិន​បាន​ដឹង​រឿងរ៉ាវ​វិញ” ។
កាល​សង្កេត​ឃើញ​ស្រី​ក្រមុំ​អង្គុយ​ស្ងៀម សាមណៈ​ក៏​សួរ​ទៀត​ថា “ម្នាល​កុលធីតា ! កាល​បើ​សេចក្ដី​ស្លាប់​មិន​អាច​ធ្វើ​ឲ្យ​នាង​ផុត​ទុក្ខ​បាន ដូច្នេះ​ហើយ​ការសម្លាប់​ខ្លួន​ឯង​ក៏​មិន​មាន​ប្រយោជន៍ គួរ​ឲ្យ​ស្ដាយ​ដែល​នាង​ប្រញាប់​មក​ទម្លាយ​ជីវិត​របស់​ខ្លួន​ឯង អត់ធន់​តទៅ​បន្តិច​ទៀត​មិន​បាន​ឬ ?” ។

“ខ្ញុំ​យល់​ឃើញ​ហើយ​ថា​មិន​បាន​ដោយ​ប្រាកដ” ស្រី​ក្រមុំ​តប ។
“នាង​ប្រសព្វ​ទុក្ខ​នេះ​យូរ​ប៉ុណ្ណា​ហើយ ?”
“បី​ថ្ងៃ​ហើយ…!”
“នាង​ប្រាប់​ថា​អត់ធន់​មិន​បាន តែ​នាង​ក៏​អត់ធន់​បាន​មក​ដល់ ៣ ថ្ងៃ​ហើយ ហើយ​ក្នុង​ទីបំផុត​ក៏​នឹង​បាត់​ទៅ​ឯង !” ។
“លោក​និយាយ​យ៉ាង​អ៊‍ីចឹង អ្នក​ណាៗ​ក៏​និយាយ​បាន” ស្រី​ក្រមុំ​ប្រកែក “នាង​ខ្ញុំ​ខំ​អត់ធន់​មក ៣ ថ្ងៃ ក៏​ស្ទើរ​តែ​មិន​បាន​ទៅ​ហើយ សេចក្ដី​អត់ធន់​របស់​ខ្ញុំ មិន​មាន​ទំនង​ថា​វា​នឹង​ថយ​ចុះ​បាន​ឡើយ មាន​តែ​ថែម​ឡើង​រឿយៗ នាង​ខ្ញុំ​ជឿ​ថា វា​នឹង​មិន​មាន​ពេល​ថយ​ចុះ​ដាច់​ខាត” ។
“កុលធីតា​អឺយ ! ក្មេង​ដែល​មិន​សូវ​ដឹង​អ្វី ទើប​កើត​មក​ក្នុង​លោក​ត្រឹម​រយៈ​វេលា​ខ្លី កាល​បើ​ឃើញ​ព្រះ​អាទិត្យ​រះ​ឡើង​មក​លើ​ផែន​ប្រឹឋពី ។ ហើយ​សន្សឹមៗ​អណ្ដែត​ឡើង​ទៅ​លើ​ផ្ទៃ​អាកាស​បញ្ចេញ​រស្មី​ដ៏​ក្ដៅ​ខ្លាំង​ឡើង​គ្រប់​ខណៈ ក៏​ភ័យ​ខ្លាច ព្រោះ​ចូលចិត្ត​ថា ព្រះ​អាទិត្យ​នឹង​រឹតតែ​ខ្ពស់​ឡើង​មិន​ឈប់ឈរ មិន​មាន​វេលា​នឹង​បែរ​រសៀល​ទាប​ចុះ​រស្មី​ក្ដៅ​ខ្លាំង ក៏​ចេះ​តែ​ខ្លាំង​ឡើង​រឿយៗ ទាល់តែ​គ្រប់​យ៉ាង​ក្នុង​លោក​ត្រូវ​ឆេះ​ខ្ទេច​វិនាស​អស់​ទៅ ។ កាល​ក្មេង​នោះ​កើត​សេចក្ដី​ភ័យ​ខ្លាច ចំពោះ​ព្រះ​អាទិត្យ​ហើយ ក៏​រក​ផ្លូវ​ចេញ​ដោយ​ការដណ្ដើម​សម្លាប់​ខ្លួនឯង​ បែប​នេះ​ក៏​ជា​ទី​គួរ​ឲ្យ​ស្ដាយ និង​គួរ​ឲ្យ​សង្វេគ​អាណិត, ព្រោះ​ថា បើ​គេ​ធន់​នៅ​ចាំ​មើល​តទៅ​ទៀត​បន្តិច គេ​ក៏​នឹង​បាន​ឃើញ​ថា កាល​ព្រះ​អាទិត្យ​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​កណ្ដាល​នភាកាស​ហើយ ក៏​សន្សឹមៗ​ទាប​ចុះ​មក, រស្មី​ក៏​សន្សឹមៗ​ត្រជាក់​ចុះ ទាល់តែ​ក្នុង​ទី​បំផុត ក៏​បាត់​ចុះ​ទៅ​ក្នុង​ជើង​មេឃ ។ រឿង​ដែល​គេ​សម្គាល់​ថា​ខ្លួន​​នឹង​ត្រូវ​រស្មី​ព្រះ​អាទិត្យ​ដុត​កម្ដៅ​រោលរាល​ឲ្យ​ស្លាប់​ក៏​នឹង​មិន​កើត​មាន​ឡើង, គឺ​គេ​គ្រាន់តែ​សាង​ទុក្ខ​ឲ្យ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ។ កុលធីតា​អឺយ ! ព្រះ​អាទិត្យ​យ៉ាង​ណា ទុក្ខ​របស់​នាង​ក៏​ប្រៀប​យ៉ាង​នោះ, នាង​អត់​ធន់​មក​បាន ៣ ថ្ងៃ​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ថា ទុក្ខ​នឹង​ថយ​ចុះ ក៏​ព្រោះ​វា​នៅ​មិន​ទាន់​ដល់​ចំណុច​ខ្ពស់​បំផុត​របស់​វា ដូច​ព្រះ​អាទិត្យ​ដែល​នៅ​មិន​ទាន់​ដល់​ចំណុច​ត្រង់ ដូច​ព្រះ​ច័ន្ទ​ដែល​នៅ​មិន​ទាន់​ពេញ​ដួង តែ​មិន​យូរ​វា​ក៏​នឹង​ដល់​ចំណុច​ខ្ពស់​បំផុត ហើយ​ក៏​នឹង​ផ្ដើម​ថយ​ចុះ​ដូច​ទន្លេ​គង្គា​ចុង​រដូវ​ភ្លៀង” ។
“កុលធីតា​អឺយ ! នាង​ចូរ​ជ្រាប​សេចក្ដី​ពិត​ចុះ​ថា គ្រប់យ៉ាង​មិន​ថា​វត្ថុ​អ្វី ឬ​នាម​ធម៌​ណា​មួយ​ឡើយ, កាល​កើត​ឡើង និង​ចម្រើន​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ រមែង​ទ្រុឌទ្រោម និង​រលត់​បាត់​ទៅ​ក្នុង​ទី​បំផុត នេះ​គឺ​ជា​ល័ក្ខការ​នៃ​សច្ចធម៌, សេចក្ដី​ពិត​របស់​ធម្មជាតិ ដែល​មិន​មាន​អ្វី​មក​ធ្វើ​ឲ្យ​ប្រែប្រួល​បាន ។ យើង​ទាំង​ពីរ​ដែល​កំពុង​សន្ទនា​គ្នា​នៅ​ទី​នេះ អាច​មិន​ដល់​មួយ​រយ​ឆ្នាំ​ផង ក៏​នឹង​ក្លាយ​ជា​ផេះ​ធ្យូង​គ្រប​ផែនដី​មិន​ខាន ។ នគរ​រាជគ្រឹះ ដែល​កំពុង​រុងរឿង​នេះ ថ្ងៃ​ណា​មួយ​ខាង​មុខ ក៏​នឹង​ក្លាយ​ទៅ​ជា​ព្រៃ ព្រោះ​កើត​រលត់​ជា​របស់​គូ​គ្នា, កាលណា​មាន​កើត ក៏​រមែង​មាន​រលត់, របស់​នោះ​ក៏​នឹង​ត្រូវ​មាន​ការរលត់​ដូច​គ្នា​ទាំងអស់, របស់​ខ្លះ កើត​ហើយ​យូរ​ទើប​រលត់ តែ​នឹង​នៅ​យូរ​ប្រវែង​ណា ក៏​ត្រូវ​តែ​រលត់​ក្នុង​ទី​បំផុត” ។
“ម្នាល​កុលធីតា ! អាត្មា​នេះ​ឯង​ក៏​ធ្លាប់​​ប្រសព្វ​ទុក្ខ​បែប​នេះ​ដូច​គ្នា​នឹង​នាង​មក​ហើយ កាល​នៅ​ក្រុង​សាវត្ថី អាត្មា​កើត​ស្រឡាញ់ និង​តាំង​សេចក្ដី​សង្ឃឹម​ក្នុង​កុលស្ត្រី​ម្នាក់ តមក​ក៏​មាន​ប្រុស​ដទៃ​ដណ្ដើម​យក​ទៅ​ពី​អាត្មា ទុក្ខ​ដ៏​ធំ​ក្រៃលែង​បាន​កើត​ឡើង​សង្កត់​បេះដូង​ស្ទើរ​តែ​ធន់​មិន​បាន អាត្មា​បាន​គេច​ចេញ​ពី​ក្រុង​សាវត្ថី ចេះតែ​ដើរ​ទៅ​យ៉ាង​ឥត​ទីដៅ អាស្រ័យ​សេចក្ដី​អត់ធន់, ថែម​ទាំង​បាន​ប្រសព្វ​ហេតុការណ៍​ផ្សេងៗ​ក្នុង​ការដើរ​ផ្លូវ​ទុក៌ន្ដារ ដ៏​វែងឆ្ងាយ ទុក្ខ​របស់​អាត្មា​ក៏​សន្សឹមៗ​បាត់​ទៅ ទោះ​បី​នៅ​មិន​ទាន់​បាត់​ស្រឡះ ក៏​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បាន​ច្រើន” ។
“កុលធីតា​អឺយ ! ទុក្ខ​នាង​ជា​ទុក្ខ​ធំ ទើប​អាច​រលត់​យូរ តែ​នឹង​ត្រូវ​រលត់​បាន​យ៉ាង​ពិត​ប្រាកដ, ដូច្នេះ នាង​មិន​បាច់​ធ្វើ​អ្វី​ទាំងអស់ គ្រាន់តែ​សង្កត់​ចិត្ត​សង្កត់​ថ្លើម​រង់ចាំ​ប៉ុណ្ណោះ រង់ចាំ​ទាល់តែ​ទុក្ខ​របស់​នាង​ដល់​ចំណុច​រលត់​ ត​ពី​នេះ​ទៅ នាង​ក៏​នឹង​សប្បាយ​ចិត្ត​ដូច​ដើម” ។
“ទម្រាំ​តែ​ទុក្ខ​របស់​ខ្ញុំ​រលត់ នាង​ខ្ញុំ​នឹង​បែក​ទ្រូង​ស្លាប់​មុន​ប៉ុណ្ណោះ​ឯង” នាង​ពោល​ប្រកែក​ក្រោយ​ពី​ស្ងៀម​ស្ដាប់​មក​យូរ ។
“អាត្មា​កើត​មក​ក្នុង​លោក​ជាង ៣០ ឆ្នាំ​មក​ហើយ នៅ​មិន​ធ្លាប់​ឃើញ និង​មិន​ធ្លាប់​បាន​ឮ​ថា មាន​អ្នក​ស្លាប់​ព្រោះ​បែក​ទ្រូង តែ​ដែល​ស្លាប់​ព្រោះ​ត្រូវ​គ្រឿង​សាស្ត្រវុធ​ទម្លាយ​ឲ្យ​បែក នោះ​ធ្លាប់​ឃើញ​មក​ច្រើន, ដូច្នេះ​អាត្មា​សូម​រ៉ាប់រង​ថា ទ្រូង​របស់​នាង​នឹង​មិន​បែក​ទេ, ហើយ​នាង​នឹង​មិន​មាន​ថ្ងៃ​ស្លាប់​ព្រោះ​ទ្រូង​បែក, ក្រៅ​តែ​អំពី​នាង​ទម្លាយ​ឲ្យ​វា​បែក” ។
លុះ​សាមណៈ​និយាយ​មក​ដល់​ត្រង់​នេះ ស្រី​អ្នក​ពេញ​ទៅ​ដោយ​ទុក្ខ​ហាក់​ដូច​ជា​មាន​ស្មារតី​ឡើង​វិញ​ខ្លះ “នាង​ខ្ញុំ​ខូចចិត្ត​ខ្លាំង​ណាស់ រហូត​ដល់​ឃើញ​ថា​ជីវិត​នេះ​ជា​របស់​ឥត​តម្លៃ ដឹង​ខ្លួន​ថា​ដូច​ជា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​រាងកាយ និង​ខ្យល់​ដង្ហើម​ប៉ុណ្ណោះ” ។
“កុលធីតា​អឺយ !​ ហេតុ​ដែល​នាង​ខូចចិត្ត ព្រោះ​នាង​មិន​យល់​ល័ក្ខការ​របស់ អនិច្ចំ ទើប​មើល​ឃើញ​របស់​ផ្សេងៗ​ទៅ​ជា​របស់​ល្អ​តែ​ម្យ៉ាង ប្រគល់​សេចក្ដី​ទុកចិត្ត, សេចក្ដី​ស្នេហា, សេចក្ដី​សង្ឃឹម​ក្នុង​របស់​ណា​មួយ ឬ​មនុស្ស​ណា​មួយ​ទាល់តែអស់​រលីង ។ កាល​បើ​របស់​នោះ ឬ​មនុស្ស​នោះ​ស្ដែង​បញ្ចេញ អនិច្ចំ ចេញ​មក​តាម​កាល​របស់​វា, នាង​ក៏​ខុស​ប្រាថ្នា ខូចចិត្ត និង​កើត​ទុក្ខ​ខ្លាំង ដូច​ដែល​កំពុង​កើត​ទុក្ខ​ក្នុង​វេលា​នេះ ។ ខ្ញុំ​ឧបមា​ថា នាង​មាន​ប្រាក់ ១០០ កហាបណៈ ហើយ​យក​ទៅ​ផ្ញើ​ទុក​នឹង​មិត្ត​ប្រុស ២៥ កហាបណៈ មិត្ត​ស្រី ២៥ កកហាបណៈ បង​ប្រុស ២៥ កហាបណៈ ប្អូន​ស្រី ២៥ កហាបណៈ បើ​មិត្ត​ប្រុស​ក្បត់​យក​ប្រាក់​របស់​នាង​ទៅ នាង​ក៏​ខូច​បង់​ប្រាក់​ត្រឹម ២៥ កហាបណៈ​ប៉ុណ្ណោះ ក៏​នៅ​សល់ ៧៥ កហាបណៈ, បើ​បងប្រុស​កេង​យក​ទៅ ២៥ កហាបណៈ​ទៀត ក៏​នៅ​មាន​សល់​នឹង​ប្អូន​ស្រី ២៥ កហាបណៈ លុះ​ត្រា​តែ​ប្អូន​ស្រី​កេង​យក​ទៅ​ទៀត​នោះ​ឯង នាង​ទើប​សូន្យ​ទ្រព្យ​អស់​ពី​ខ្លួន, តែ​ការ​ដែល​មនុស្ស​ទាំង ៤  នឹង​កេងប្រវ័ញ្ច​យក​ប្រាក់​ព្រម​គ្នា​ទាំងអស់​តែ​ម្ដង អាច​នឹង​ប្រព្រឹត្ត​ទៅ​មិន​បាន ។ ការផ្ញើ​ប្រាក់​ទុក​បែប​នេះ ជា​វិធី​ឆ្លាត បើ​នាង​យក​ប្រាក់​ទាំង ១០០ កហាបណៈ ទៅ​ផ្ញើ​ទុក​នឹង​មនុស្ស​តែ​មួយ​គត់ បើ​គេ​កេង​យក​ទៅ នាង​ក៏​នឹង​សូន្យ​ខូច​បង់​ប្រាក់​ទាំង​រយ​កហាបណៈ​ព្រម​គ្នា ដែល​ជា​ការ​សូន្យ​ដ៏​គួរ​ឲ្យ​ស្ដាយ និង​ជា​វិធីការ​មិន​ឆ្លាត​ឡើយ” ។
“ម្នាល​កុលធីតា បេះដូង​របស់​នាង​ក៏​ដូច​គ្នា ប្រសិន​បើ​នាង​យក​បេះដូង​របស់​នាង​ទាំងអស់​ទៅ​ឲ្យ​អ្នក​ណា​ម្នាក់ បើ​អ្នក​នោះ​មិន​ស្មោះត្រង់​នឹង​នាង នាង​ក៏​ខូចចិត្ត​ទៅ​ទាំងអស់ នាង​នឹង​អស់​សង្ឃឹម, រស់នៅ​ប្រៀប​នឹង​មនុស្ស​មិន​មាន​បេះដូង ដូច​ដែល​កំពុង​កើត​មាន​ដល់​នាង​ក្នុង​វេលា​នេះ ផ្លូវ​ដែល​ត្រូវ​គឺ ៖ នាង​គួរ​បែង​បេះដូង​ចេញ​ជា​ចំណែកៗ មួយ​ចំណែក​ប្រគល់​ឲ្យ​បណ្ដា​ញាតិ មួយ​ចំណែក​ជូន​ទៅ​ឲ្យ​បងប្អូន មួយ​ចំណែក​ជូន​ឲ្យ​មិត្តភក្ដិ មួយ​ចំណែក​ជូន​ឲ្យ​គ្រូ​បាអាចារ្យ មានន័យ​ថា ឲ្យ​សេចក្ដី​ស្នេហា​គេ​តែ​បន្តិច​មុន​សិន បើ​គូ​សង្សារ​កើត​ទុយ៌ស​នឹង​យើង យើង​ក៏​នឹង​មាន​ការខូចចិត្ត​តិច, លុះត្រា​ជឿ​ប្រាកដ​ថា គេ​ស្មោះ​ត្រង់​ចំពោះ​យើង​ពិតៗ សឹម​ស្រឡាញ់​គេ​ដោយ​បេះដូង​ទាំងអស់” ។
“លោក​និយាយ​ហាក់​ដូច​ជា​បេះដូង​របស់​មនុស្ស​ជា​វត្ថុ ដែល​នឹង​យក​មក​បែងចែក​គ្នា​បាន​ងាយៗ​អ៊‍ីចឹង សេចក្ដី​ពិត​វា​គង់​ធ្វើ​មិន​បាន​ទេ​ដឹង​ទាន… មនុស្ស​បើ​បាន​ស្រឡាញ់​អ្នក​ណា​ហើយ លំបាក​នឹង​ហាម​ចិត្ត​មិន​ឲ្យ​ស្រឡាញ់​ច្រើន​បាន បើ​យើង​ស្រឡាញ់​គេ​តិច គេ​ក៏​មិន​ពេញ​ចិត្ត​យើង, គេ​ថា​យើង​ស្រឡាញ់​គេ​មិន​ពិត​ប្រាកដ… យ៉ាង​នេះ, សេចក្ដី​ស្រឡាញ់​នឹង​រៀបរយ​បាន​យ៉ាង​ណា ?” ស្រី​ក្រមុំ​ឲ្យ​ហេតុ​ផល​ជំទាស់​ដោយ​ទឹក​មុខ​ថ្លា​ស្រស់​ឡើង​ច្រើន ។
“ម្នាល​កុលធីតា ! អាត្មា​នឹង​លើក​តួយ៉ាង​ឲ្យ​ស្ដាប់… ឧបមា​ថា មាន​ចោរ​កំណាច​ម្នាក់​ចូល​មក​នៅ​ក្នុង​ផ្ទះ​របស់​នាង​ដោយ​មាន​ចេតនា​អាក្រក់​ចំពោះ​នាង នាង​ក៏​ដឹង​ច្បាស់​ថា​គេ​ជា​ចោរ ព្រមទាំង​មាន​ចេតនា​អាក្រក់​ចំពោះ​នាង, ដោយសារ​ចោរ​នោះ​ព្យាយាម​ធ្វើ​​សេចក្ដី​ល្អ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​នាង​ស្រឡាញ់​ដោយ​សេចក្ដី​សង្ឃឹម​ថា កាល​បើ​នាង​ស្រឡាញ់​គេ​ច្រើន​ហើយ ក៏​នឹង​ជា​ឱកាស​ឲ្យ​គេ​ប្រទូស្ដរ៉ាយ​នាង​រឹតតែ​បាន​ងាយ​ឡើង ។ ត​មក​នាង​ក៏​កើត​មាន​ចិត្ត​ស្រឡាញ់​គេ ព្រោះ​សេចក្ដី​ល្អ​របស់​គេ, តែ​ក្នុង​វេលា​ជា​មួយ​គ្នា​នោះ នាង​ក៏​នៅ​មាន​ការសង្ស័យ​ខ្លះៗ​ជាមួយ​គេ​នោះ, កាល​បើ​ដូច្នេះ នាង​ក៏​ព្រម​ស្រឡាញ់​គេ​ត្រឹមតែ​បន្តិច​ប៉ុណ្ណោះ ដោយ​មិន​ស្រឡាញ់​គេ​ឲ្យ​អស់​ពី​បេះដូង ព្រោះ​នាង​មិន​ទាន់​ទុក​ចិត្ត​គេ​មែនទែន” ។
“មែន​ហើយ” ស្រី​ក្រមុំ​ទទួល ។
“ម្ដេច​មិន​ស្រឡាញ់​គេ​ឲ្យ​អស់​បេះដូង​ទៅ” សាមណៈ​សួរ ។
“ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា គេ​មាន​ចេតនា​អាក្រក់​ចំពោះ​នាង​ខ្ញុំ ការធ្វើ​ល្អ​របស់​គេ​គ្រាន់តែ​ជា​ការក្លែង​ធ្វើ​ដើម្បី​បញ្ឆោត​ឲ្យ​ខ្ញុំ​ស្លាប់​ចិត្ត បើ​ឱកាស​ឲ្យ គេ​ប្រទូស្តរាយ​នាង​ខ្ញុំ​បាន​ងាយ​ប៉ុណ្ណោះ នាង​ខ្ញុំ​អាច​នឹង​ពេញ​ចិត្ត​គេ​ខ្លះ ក្នុង​រឿង​ដែល​គេ​ធ្វើ​ល្អ​ចំពោះ​នាង​ខ្ញុំ តែ​ក៏​មិន​អាច​ស្រឡាញ់​គេ​ឲ្យ​អស់​បេះដូង​បាន ព្រោះ​នៅ​ខ្លាច​សង្ស័យ​គេ​ខ្លះៗ​នៅ​ឡើយ” ។
“ម្នាល​កុលធីតា ! នេះ​ក៏​ស្ដែង​ឲ្យ​ឃើញ​ថា បេះដូង​ជា​របស់​បែងចែក​គ្នា​បាន យើង​ស្រឡាញ់​តិច​ក៏​បាន ច្រើន​ក៏​បាន ។ បើ​យើង​មើល​គេ​ទាំង​ពីរ​ផ្នែក ទាំង​ផ្នែក​ល្អ និង​ផ្នែក​អាក្រក់ ទោះបី​គេ​សម្ដែង​សេចក្ដី​អាក្រក់​ចេញ​មក យើង​ក៏​មិន​ខូចចិត្ត​ដោយ​ប្រការ​ណា​មួយ​ឡើយ, ព្រោះ​ជា​រឿង​ដែល​យើង​បាន​គិត​ទុក​ជា​មុន​ហើយ ។ បើ​យើង​មើល​គេ​ក្នុង​ផ្នែក​ល្អ​តែ​ម្យ៉ាង យើង​ច្រើន​តែ​ភ្លេច​ខ្លួន​ស្រឡាញ់​គេ​យ៉ាង​អស់​ពី​បេះដូង លុះ​គេ​បញ្ចេញ​ផ្នែក​អាក្រក់​មក យើង​ក៏ ខូចចិត្ត​ខ្លាំង ។ នាង​កុំ​គិត​ឡើយ​ថា គេ​មិន​ពេញ​ចិត្ត​យើង, ថា​យើង​មិន​ពិត ។ យើង​ស្រឡាញ់​គេ​ពិតៗ តែ​ថា​ត្រូវ​ស្រឡាញ់​ឲ្យ​តិច ទាំង​នេះ​ក៏​ដើម្បី​សេចក្ដី​សប្បាយ​ចិត្ត​របស់​យើង កាល​ណា​គេ​អាច​ពិសោធ​ឲ្យ​យើង​ឃើញ​បាន​ដោយ​ការធ្វើ​ល្អ​ស្មោះត្រង់​នឹង​យើង​ពិតៗ យើង​ក៏​ព្រម​នឹង​ស្រឡាញ់​គេ​យ៉ាង​ពេញ​បេះដូង​ឲ្យ​បាន” ។
លុះ​សាមណៈ​និយាយ​មក​ដល់​ត្រង់​នេះ ស្រី​ក្រមុំ​ក៏ មើល​មក​សាមណៈ​ដោយ​ដួងភ្នែក​សម្ដែង​សេចក្ដី​ទុក​ចិត្ត និង​សេចក្ដី​គោរព​រាប់អាន​ច្រើន​ឡើង ។ នាង​និយាយ​ដោយ​សំឡេង​ថ្លា​ច្បាស់​ថា “ត្រូវ​ដូច​ពាក្យ​របស់​លោក​ម្ចាស់​តែ​ម្ដង ! នាង​ខ្ញុំ​ភ្លើ, ទៅ​ទុក​ចិត្ត​គូ​ស្នេហា​ច្រើន​ពេក​ទៅ ទើប​ប្រគល់​ជីវិត​ ចិត្ត​គំនិត​ទាំងអស់​ឲ្យ​គេ… លុះ​គេ​ដោះ​ដៃ​គេច​ទៅ​រៀប​វិវាហ៍មង្គល​នឹង​ស្រី ដទៃ ទើប​ខូច​ចិត្ត​ខ្លាំង” ។
“កុលធីតា​អឺយ ! ការ​មិន​សម​ប្រាថ្នា​របស់​នាង​គ្រា​នេះ​នឹង​បាន​ជា​បទ​រៀន​ដ៏​មាន​តម្លៃ បង្រៀន​ឲ្យ​នាង​ចេះ​មើល​គ្រប់​ទាំង​ពីរ​ខាង” សាមណៈ​អប់រំ​នាង​តទៅ​ទៀត “គ្រប់​យ៉ាង​រមែង​មាន​ពីរ​ខាង​ជា​ធម្មតា មាន​ងងឹត​ត្រូវ​មាន​ភ្លឺ, មាន​ត្រជាក់​ត្រូវ​មាន​ក្ដៅ, មាន​ខ្ពស់​ត្រូវ​មាន​ទាប, មាន​ល្អ​ត្រូវ​មាន​អាក្រក់, មាន​សុខ ត្រូវ​មាន​ទុក្ខ, មាន​ឈ្នះ ត្រូវ​មាន​ចាញ់ និង​មាន​សម​ប្រាថ្នា ត្រូវ​មាន​ខុស​ប្រាថ្នា ។ យើង​ត្រូវ​មើល​ឲ្យ​ឃើញ​ទាំង​ពីរ​ខាង បើ​មើល​ខាង​ល្អ​តែ​ម្ខាង​មិន​ត្រៀម​ខ្លួន​ទុក​សម្រាប់​ទទួល​ខាង​អាក្រក់ កាល​ដល់​ពេល​ប្រសព្វ​នឹង​ខាង​អាក្រក់​ក៏​រើ​ខ្លួន​មិន​រួច ។ អ្នក​ស្រឡាញ់​ការលេង​កីឡា ត្រូវ​ត្រៀម​ខ្លួន​ទទួល​ទាំង​ចាញ់ ទាំង​ឈ្នះ, ស្រឡាញ់​ការប្រឡង​វិជ្ជា ត្រូវ​ត្រៀម​ខ្លួន​ទាំង​ជាប់​ទាំង​ធ្លាក់, ប្រាថ្នា​អ្វី​ត្រូវ​ត្រៀម​ខ្លួន​ទទួល​ទាំង​សម​ប្រាថ្នា ទាំង​ខុស​ប្រាថ្នា ។ អ្នក​មើល​លោក​ទាំង​ពីរ​ខាង រមែង​ត្រៀម​ខ្លួន​ព្រម​គ្រប់​កាល រមែង​ញញឹម​ដរាប​ទាំង​ពេល​ចាញ់ ទាំង​ពេល​ឈ្នះ, ទាំង​ពេល​ខុស​ប្រាថ្នា និង​ពេល​សម​ប្រាថ្នា, ទាំង​ពេល​សុខ និង​ពេល​ទុក្ខ, មាន​ចិត្ត​រឹងប៉ឹង​ជាប់​លាប់ អ្នក​នោះ​រមែង​បាន​ប្រៀប​គ្រប់​ពេល និង​គ្រប់​ទីស្ថាន” ។
“កុលធីតា​អឺយ ! ព្រោះ​នាង​មើល​លោក​តែ​ម្ខាង ទើប​ត្រូវ​ប្រសព្វ​មហន្តទុក្ខ​គ្រា​នេះ ។ តទៅ នាង​គួរ​មើល​លោក​ទាំងពីរ​ខាង​ជា​ដរាប គ្រា​នេះ​នាង​បាន​ដួល​ទៅ​ហើយ ភ្លាំងភ្លាត់​ទៅ​ហើយ ចូរ​ប្រញាប់​ក្រោក​ឡើង​ដើរ​តទៅ កាល​ឃើញ​ថា​ខ្លួន​ដួល​ចុះ​ហើយ នៅ​ដេក​ស្ងៀម ធ្វើ​ព្រងើយ​មិន​ប្រញាប់​ក្រោក​ឡើង​ដើរ​តទៅ មិន​មែន​ជា​ទង្វើ​ដ៏​ឆ្លាត​ទេ” ។
ខណៈ​នេះ ហេតុផល​បាន​ត្រឡប់​មក​កាន់​ស្រី​ក្រមុំ​បរិបូណ៌​ហើយ នាង​ឱន​ក្រាប​ចុះ​ទៀប​នឹង​ជើង​របស់​សាមណៈ រេវតៈ ដោយ​ចិត្ត​សទ្ធា​ជ្រះ​ថ្លា ហើយ​ពោល​ថា “លោក​អ្នក​រុងរឿង​បញ្ញា ! ពាក្យ​ណែនាំ​របស់​លោក​ចាប់ចិត្ត​របស់​នាង​ខ្ញុំ​ពន់​ពេក​ណាស់ ប៉ុន​គ្នា​នឹង​ឱសថ​វិសេស​ជប់​ជីវិត​របស់​ខ្ញុំ​តែ​ម្ដង, បើ​មិន​មាន​លោក​ទេ នាង​ខ្ញុំ​ច្បាស់​ស្លាប់​ជា​ខ្មោច​នៅ​យាម​ភ្នំ​នេះ​ទៅ​ហើយ ។ តាំង​ពី​ពេល​នេះ​ទៅ នាង​ខ្ញុំ​នឹង​មិន​គិត​ធ្វើ​អ្វី​ល្ងង់​ខ្លៅ​ដូច្នេះ​ទៀត​ទេ និង​ព្យាយាម​ចងចាំ​នូវ​ពាក្យ​ណែនាំ​របស់​លោក​នាំ​យក​ទៅ​អប់រំ​ខ្លួន​ដែល​ល្ងង់​គិត​នឹង​សម្លាប់​ខ្លួន​តទៅ” ។
កាល​បាន​ទេសនា​អប់រំ​ស្ត្រី​ក្រមុំ​ឲ្យ​មាន​ចិត្ត​តាំង​មាំ​ក្នុង​ហេតុផល​ហើយ នាង​ក៏​ក្រាប​បង្គំ​លា​សាមណៈ​ដើរ​ចុះ​ពី​ភ្នំ​ត្រឡប់​ទៅ​ផ្ទះ​ដោយ​អាការ​ប្រក្រតី ចំណែក​សាមណៈ​ត្រេកអរ​ណាស់​ដែល​បាន​ជួយ​ជីវិត​មនុស្ស​ម្នាក់​បាន ។ សាមណៈ​ក៏​ត្រឡប់​ទៅ​កាន់​ល្អាង សូករខីណា ហើយ​ក៏​បំពេញ​ព្យាយាម​ទៅ ។

តើអ្វីជាគាថា​ស្នេហ៍​មុខ​របស់​ព្រះពុទ្ធ?



តាម​ព្រះពុទ្ធ​សាសនា ស្នេហ៍​មុខ​ដែល​នាំ​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត គឺ​
សំដី​ទន់ភ្លន់ 
ចរិយា​សុភាព​រាបសារ 
ទឹកមុខ​ញញឹម​ជា​និច្ច 
ជាមួយ​ទឹកចិត្ត​ប្រកប​ដោយ​មេត្តា ករុណា 
មាន​ចិត្ត​ល្អ 
ចេះ​ជួយ​ធុរៈ​អ្នក​ដទៃ ។ 
គាថា​នេះ មិន​ថា​ត្រឹម​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត សូម្បី​​សត្វ​តិរច្ឆាន​ក៏​ចូល​មក​ជិត យក​មនុស្ស​​នោះ​ជា​មិត្ត​ដែរ ។ 
ព្រះពុទ្ធ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ដែល​គេ​ស្រឡាញ់ ឬ​ស្អប់ មក​អំពី​អំពើ​របស់​​ខ្លួនឯង ។

វ៉ាលីសម្រាប់ត្រៀមសម្រាល


នៅពេលដែលកូនក្នុងផ្ទៃមានអាយុចាប់ចូល ៧ខែ យើងជាឪពុកអ្នកម៉ាក់ត្រូវការខ្វាយខ្វល់ជាចាំបាច់​សម្រាប់ការរៀបចំ​រឿងមួយ​ចំនួន​​​ដើម្បី​ត្រៀមទទួលយករាជបុត្រា រាជបុត្រី ជាបេះដូង នឹងជាដង្ហើមរបស់យើងដែលនឹង​កើតចេញ​មកក្នុង​ពេល​ដ៍ខ្លី​ខាង​មុខ​។


ថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា នូវរឿងដ៍សំខាន់មួយ ដែលចាំបាច់បំផុតសម្រាប់ត្រៀមរៀបចំ នោះគឺ “៣ វ៉ាលីត្រៀមសម្រាប់សម្រាល” ដើម្បីមានភាពងាយស្រួលក្នុងការរកអ្វីគ្រប់យ៉ាងដែលងាយស្រួល​នៅពេលអ្នកស្ថិត​នៅក្នុង​មន្ទីរ​ពេទ្យ ម្លោះហើយយើងត្រូវចែកជាពីវ៉ាលី តើក្នុង ៣វ៉ាលីផ្សេងគ្នានេះ មានអ្វីខ្លះ?


វ៉ាលីទី ១ គឺសម្រាប់កូនតូចរួមមាន
·         កន្សែងរុំ (គួជ្រើសរើសសាច់ក្រណាត់ណាដែលទន់ល្មើយសម្រាប់ទារក)
·         ស្រោមដៃ ស្រោមជើង
·         មួក
·         ខោអាវ
·         សាប៊ូសម្រាប់ទារក
·         មុងតូចសម្រាប់ទារក
·         ក្នើយកើយតូច
·         ដប និង ម្សៅទឹកដោះគោ (បង្ការសម្រាប់ទារកដែលមិនអាចបៅដោះបាន ក្រោយពេលកើត)
·         ខោទឹកនោមសម្រាប់ទារក
·         ចានធុនមុជទឹកសម្រាប់ទារក

វ៉ាលីទី ២ គឺសម្រាប់លោកប៉ាអ្នកម៉ាក់រួមមាន
·         ឯកសារអត្តសញ្ញាណ
·         សារ៉ុងសម្រាប់អ្នកអ្នកម៉ាក់
·         កន្សែងជូតខ្លួន
·         ខោអាវអ្នកអ្នកម៉ាក់ លោកឪពុក (រៀបចំសម្រាប់យ៉ាងច្រើនបំផុត៧ថ្ងៃ)
·         ស្រោមជើងអ្នកម៉ាក់
·         ច្រាស និងថ្នាំដុសធ្មេញ
·         សាប៊ូកក់សក់ សាប៊ូលាងមុខ សាប៊ូដុសខ្លួន
·         ខ្សែចងសក់អ្នកម៉ាក់ និងក្រាសសិតសក់
·         ខោទឺកនោមសម្រាប់អ្នកម៉ាក់
·         សំឡី
·         ស្បែកជើង (សម្រាប់ផ្លាស់ប្តូរ)
·         គ្រឿងសម្អាងផ្សេងៗ


វ៉ាលីទី ៣ ផ្សេងៗរួមមាន
·         សាច់ប្រាក់សុទ្ធ (សម្រាប់ចាយវាយផ្សេងដែលត្រូវអោយមានជាសាច់ប្រាក់សុទ្ធ)
·         ក្រដាសអនាម័យ
·         ទឹកសុទ្ធ
·         កូនកំបិតតូចសម្រាប់ដាក់លើក្បាលកូន (យោងទៅតាមជំនឿរបស់អ្នក)
·         ទៀនពិលាការ​ និងដែកកេះ (យោងទៅតាមជំនឿរបស់អ្នក)
·         កន្សែងត្រជាក់
·         គំសៀវដាំទឹកអគ្គិសនី
·         ស្បោងខ្មៅសម្រាប់ដាក់សម្រាម
·         ឆ្នាំងសាកទូរស័ព្ធ
·         ចំណីញាំលេង
·         ក្រូណូដាក់ឯកសារ
·         ឯកសារពិនិត្យផ្ទៃពោះចាប់ទាំងពីខែដំបូងមក


ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជួយបានច្រើនសម្រាប់ជាពិសេសដល់លោកប៉ាអ្នកម៉ាកថ្មីដែលមានកូនលើកដំបូង។ សូមអោយមានសុវត្ថិភាពសម្រាប់ការសម្រាល និងសូមអោយមានសំណាងល្អនៅមន្ទីរពេទ្យ ជាមួយទារកថ្មីរបស់អ្នក !!

Thursday, November 30, 2017

វ៉ាលីសម្រាប់ត្រៀមសម្រាល


នៅពេលដែលកូនក្នុងផ្ទៃមានអាយុចាប់ចូល ៧ខែ យើងជាឪពុកអ្នកម៉ាក់ត្រូវការខ្វាយខ្វល់ជាចាំបាច់​សម្រាប់ការរៀបចំ​រឿងមួយ​ចំនួន​​​ដើម្បី​ត្រៀមទទួលយករាជបុត្រា រាជបុត្រី ជាបេះដូង នឹងជាដង្ហើមរបស់យើងដែលនឹង​កើតចេញ​មកក្នុង​ពេល​ដ៍ខ្លី​ខាង​មុខ​។


ថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា នូវរឿងដ៍សំខាន់មួយ ដែលចាំបាច់បំផុតសម្រាប់ត្រៀមរៀបចំ នោះគឺ “វ៉ាលីត្រៀមសម្រាប់សម្រាល” ដើម្បីមានភាពងាយស្រួលក្នុងការរកអ្វីគ្រប់យ៉ាងដែលងាយស្រួល​នៅពេលអ្នកស្ថិត​នៅក្នុង​មន្ទីរ​ពេទ្យ ម្លោះហើយយើងត្រូវចែកជាពីវ៉ាលី តើក្នុង ៣វ៉ាលីផ្សេងគ្នានេះ មានអ្វីខ្លះ?


វ៉ាលីទី ១ គឺសម្រាប់កូនតូចរួមមាន
·         កន្សែងរុំ (គួជ្រើសរើសសាច់ក្រណាត់ណាដែលទន់ល្មើយសម្រាប់ទារក)
·         ស្រោមដៃ ស្រោមជើង
·         មួក
·         ខោអាវ
·         សាប៊ូសម្រាប់ទារក
·         មុងតូចសម្រាប់ទារក
·         ក្នើយកើយតូច
·         ដប និង ម្សៅទឹកដោះគោ (បង្ការសម្រាប់ទារកដែលមិនអាចបៅដោះបាន ក្រោយពេលកើត)
·         ខោទឹកនោមសម្រាប់ទារក
·         ចានធុនមុជទឹកសម្រាប់ទារក

វ៉ាលីទី ២ គឺសម្រាប់លោកប៉ាអ្នកម៉ាក់រួមមាន
·         ឯកសារអត្តសញ្ញាណ
·         សារ៉ុងសម្រាប់អ្នកអ្នកម៉ាក់
·         កន្សែងជូតខ្លួន
·         ខោអាវអ្នកអ្នកម៉ាក់ លោកឪពុក (រៀបចំសម្រាប់យ៉ាងច្រើនបំផុត៧ថ្ងៃ)
·         ស្រោមជើងអ្នកម៉ាក់
·         ច្រាស និងថ្នាំដុសធ្មេញ
·         សាប៊ូកក់សក់ សាប៊ូលាងមុខ សាប៊ូដុសខ្លួន
·         ខ្សែចងសក់អ្នកម៉ាក់ និងក្រាសសិតសក់
·         ខោទឺកនោមសម្រាប់អ្នកម៉ាក់
·         សំឡី
·         ស្បែកជើង (សម្រាប់ផ្លាស់ប្តូរ)
·         គ្រឿងសម្អាងផ្សេងៗ


វ៉ាលីទី ៣ ផ្សេងៗរួមមាន
·         សាច់ប្រាក់សុទ្ធ (សម្រាប់ចាយវាយផ្សេងដែលត្រូវអោយមានជាសាច់ប្រាក់សុទ្ធ)
·         ក្រដាសអនាម័យ
·         ទឹកសុទ្ធ
·         កូនកំបិតតូចសម្រាប់ដាក់លើក្បាលកូន (យោងទៅតាមជំនឿរបស់អ្នក)
·         ទៀនពិលាការ​ និងដែកកេះ (យោងទៅតាមជំនឿរបស់អ្នក)
·         កន្សែងត្រជាក់
·         គំសៀវដាំទឹកអគ្គិសនី
·         ស្បោងខ្មៅសម្រាប់ដាក់សម្រាម
·         ឆ្នាំងសាកទូរស័ព្ធ
·         ចំណីញាំលេង
·         ក្រូណូដាក់ឯកសារ
·         ឯកសារពិនិត្យផ្ទៃពោះចាប់ទាំងពីខែដំបូងមក


ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជួយបានច្រើនសម្រាប់ជាពិសេសដល់លោកប៉ាអ្នកម៉ាកថ្មីដែលមានកូនលើកដំបូង។ សូមអោយមានសុវត្ថិភាពសម្រាប់ការសម្រាល និងសូមអោយមានសំណាងល្អនៅមន្ទីរពេទ្យ ជាមួយទារកថ្មីរបស់អ្នក !!