ពាក្យអបាយភូមិ (អបាយភូម) ដែលសំដៅទៅជាន់ ឬឋានដែលប្រាសចាកសេចក្តីចម្រើន, ទីរងទុក្ខ (មានឋាននរកជាដើម); សេចក្តីសាបសូន្យ, សេចក្តីវិនាស; ដំណើរលិចលង់ក្នុងសេចក្តីវិនាស ។ អបាយភូមិមាន៤គឺ នរក, តិរច្ឆាន, ប្រេត, អសុរកាយ ។ សភាវៈដែលរស់នៅក្នុងអបាយនេះមានលក្ខណៈអន់ថយបំផុត ហៅថាមនុស្សក៏បាន ។
- នរក មានច្រើនជាន់ តែនិយាយរួមឲ្យខ្លី មានពីរប្រភេទគឺ នរកក្ដៅ និងនរកត្រជាក់ ។ អ្នកដែលរស់នៅក្នុងនរកទាំងពីរនេះ សុទ្ធតែត្រូវបានទទួលទណ្ឌកម្មយ៉ាងវេទនាខ្លោចផ្សាបំផុតពីពួកយមបាល ទៅតាមអំពើបាបរបស់ខ្លួន ។ អ្នកនៅក្នុងនរកក្ដៅ រងទុក្ខវេទនាខ្លាំងជាងគេ ប៉ុន្តែអ្នកទាំងអស់នេះអាចរំដោះខ្លួនបាន ក្រោយពេលបានសោយទុក្ខគ្រប់កណត់ឆ្នាំ ហើយលែងប្រព្រឹត្តអាក្រក់តទៅទៀត (ដូចអ្នកជាប់គុគក្នុងលោកិយនេះដែរ) ។
- ប្រេត គឹអ្នកដែលបានប្រព្រឹត្តអំពើបាបពីជាតិមុនដែរ ហើយត្រូវមកកើតជាប្រេតនេះ ដែលមានទីកន្លែងឋិននៅចន្លោះភព ឬនៅលើផែនដី មានការស្រេកឃ្លានមិនចេះចប់ មានមាត់ប៉ុនកូដម្ជុល ហើយចូលចិត្តបរិភោគតែអាហារកខ្វក់ស្អុយ រស់នៅ៥០០ឆ្នាំទើបស្លាប់ទៅវិញ (១ថ្ងៃប្រេតស្មើ១ខែមនុស្ស) ។
- អសុរកាយ ប្រហែលគ្នានឹងប្រេតដែរ តែងអាស្រ័យនៅជាមួយមនុស្សលោក ច្រើនដើររកស៊ីនៅវេលាយប់ ចូលចិត្តបរិភោគតែគ្រឿងស្អុយ គួរខ្ពើមដែរ ដូចខ្ទុះគំរង់ជាដើម ជួនកាលលេងបន្លាចមនុស្សក៏មាន ។ ច្រើនមានរូបធំខ្ពស់ ស្មើដំបូលផ្ទះ ឬដើមត្នោត ។ ពួកខ្មោចបិសាចក៏រាប់ចូលក្នុងក្រុមអសុរកាយនេះដែរ ។
- សត្វតិរច្ឆាន គឺពួកសត្វដែលរស់នៅលើផែនដី ជាមួយមនុស្សនេះ និងសត្វចម្លែក២ពួកទៀតគឺ នាគ និង គ្រុឌ ។ នាគអាចប្រែប្រភេទមកមនុស្សបាន មានលំនៅឋាននៅក្រោមសមុទ្រ ។ គ្រុឌមានស្លាបហោះហើរបានជាសត្រូវរបស់នាគសភាវៈ ដែលប្រសើរជាសត្វគឺមនុស្ស ។
ឯកសារយោងៈ វចនានុក្រមខ្មែរភាគ១ ភាគ២ បោះពុម្ពគ្រាទី៥ និងសៀវភៅវប្បធម៌មួយក្បាលដែលឥតអត្តសញ្ញាណគ្រប់គ្រាន់ ព្រោះដាច់ក្រប និងបាត់ឈ្មោះអ្នកចងក្រង ។

No comments:
Post a Comment